khenpheakdey@gmail.com

១០​យ៉ាង​​តែ​ហ៊ាន​ធ្វើ​នៅ​កន្លែង​ធ្វើ​ការ​ អាច​អាប់​ឱន​កិត្តិយស ឬត្រូវ​មេ​ដេញ​ចោល​ឆាប់ៗ

  • 2018-01-29 04:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​ធ្វើការ​គឺ​មិន​មែន​ជា​ផ្ទះ​ឯកជន​ឡើយ​ ដូច្នេះ​រាល់​ទង្វើ​ដែល​សម្ដែង​ចេញ​មក​គូរ​ប្រយ័ត្ន​ប្រយែង​ ដើម្បី​កុំ​ឲ្យ​គេ​ងាយ​វាយ​តម្លៃ​យើង។​ ទោះ​នៅ​ក្នុង​ការងារ​អ្នក​មាន​តំណែង​ជា​អ្វី​ក៏​ដោយ​ ក៏​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ ទង្វើ​ទាំង​១០​ យ៉ាង​នេះ​ នៅ​កន្លែង​ធ្វើ​ការ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ អាប់​អោន​ខ្លាំង​ និង​ខូច​ក្រេឌីត​ផង​ដែរ។ ទង្វើ​ដប់​យ៉ាង​មាន​ដូចជា៖​

១.​ លើក​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​និយាយ​គំរោះ​គំរើយ​

ទោះ​នៅ​ផ្ទះ​មាន​រឿង​តប់​ប្រមល់​ និង​ក្ដៅ​ក្រហាយ​យ៉ាង​ណា​ នៅ​ក្រុមហ៊ុន​ គួរ​ចេះ​ទប់​អារម្មណ៍​ពេល​លើក​ទូរស័ព្ទ​និយាយ។​ កុំ​និយាយ​គំរោះ​គំរើយ​ ឬ​ទ្រគោះ​បោះ​បោក​ទោះ​ជា​រឿង​នៅ​ផ្ទះ​ក៏​ដោយ។​ យ៉ាង​ហោច​ណាស់​គូរ​ដើរ​ចេញ​ក្រៅ​និយាយ​ ដើម្បី​កុំ​ឲ្យ​គេ​វាយ​តម្លៃ​យើង​បាន។​

២.​ និយាយ​ដើម​គេ

កុំ​និយាយ​ដើម​ ឬ​ អេចអូច​គេ​ច្រើន​ ព្រោះ​មិន​ថា​ព័ត៌មាន​អ្វី​ទេ​ មិន​បាន​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ល្អ​ឡើយ។​

៣.​ លេង​បណ្ដាញ​សង្គម​ក្នុង​ម៉ោង​ធ្វើ​ការ

ត្រូវ​ដឹង​ខ្លួន​ថា​ អ្នក​ដាក់​ពាក្យ​មក​ធ្វើ​ការ​ ដើម្បី​ដូរ​យក​ប្រាក់​ខែ​ មិន​មែន​យក​ប្រាក់​ខែ​មក​លេង​ ហ្វេសប៊ុក​ ឬ​បណ្ដាញ​សង្គម​នានា​នោះ​ទេ។​ ដូច្នេះ​គូរ​ឈប់​ ឬ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន។​

៤.​ កុហក​ដើម្បី​ឲ្យ​ខ្លួន​ឯង​ល្អ​

ក្នុង​បទសម្ភាសន៍​ការងារ​ ឬ​កំឡុង​ពេល​ធ្វើ​ការ​ជា​ដើម​ កុំ​កុហក​មេ​ ឬ​ សន្យា​ខ្យល់​ ព្រោះ​ក្រោយ​មក​មេ​និង​រក​ឃើញ​ការពិត​ ហើយ​អ្នក​នឹង​អស់​តម្លៃ​ ហើយ​អាប់​អោន​ធ្ងន់ធ្ងរ។​

៥.​ មក​ធ្វើ​ការ​ទាំង​ឈឺ​ធ្ងន់

មេ​ប្រាកដ​ ជា​ដឹង​ថា​អ្នក​ជា​បុគ្គលិក​ប្រឹង​ប្រែង​មួយ​រូប​ តែ​អ្នក​មិន​ចាំ​ចាច់​ដល់​ថ្នាក់​ឈឺ​ធ្ងន់​ហើយ​មក​ធ្វើ​ការ​នោះ​ទេ។​ ព្រោះ​មេ​ក៏​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​ឆ្លង​ជំងឺ​ពី​អ្នក​ដែរ។​

៦.​ កុំ​ស្រលាញ់​គ្នា​នៅ​កន្លែង​ធ្វើការ​

សេចក្ដី​ស្រលាញ់​គឺ​ខ្វាក់​ភ្នែក​ និង​ពិបាក​ហាម​ចិត្ត​។ តែ​យ៉ាង​ណា​ បើ​អ្នក​យក​ការងារ​ជា​ធំ​ គួរ​ណាស់​គ្រប់​គ្រង​អារម្មណ៍​ដោយ​មិន​ត្រូវ​ទាក់ទង​ស្នេហា​ជា​មួយ​មេ​កើយ​ ឬ​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា​នោះ​ទេ។​ ព្រោះ​ដើម្បី​ចៀសវាង​រឿង​អាស្រូវ​ផ្សេងៗ​ក្នុង​កន្លែង​ធ្វើ​ការងារ​ ហើយ​ការ​មាន​ស្នេហា​ទៀតសោត​ធ្វើ​ឲ្យ​ការងារ​អន់​ខ្សោយ​ផង​ដែរ​ ងាយ​នឹង​គេ​វាយ​តម្លៃ។​

៧.​ កុំ​ផ្ដល់​ចម្លើយ​ពេល​អ្នក​កំពុង​ខឹង

អ្នក​នឹង​សម្រេច​ចិត្ត​មិន​បាន​ត្រឹម​ត្រូវ​ទេ​ពេល​ដែល​អ្នក​ខឹង​។​ ម៉្យាង​ទៀត​បើ​សម្រេច​ចិត្ត​ថ្លោះធ្លោយ​ អ្នក​នឹង​ត្រូវ​គេ​វាយ​តម្លៃ​ដោយ​សារ​កំហឹង​មួយ​ពេល​នោះ។​

៨.​ លេង​សើច​ច្រើន​ម៉ោង​ធ្វើ​ការ

ពេល​ខ្លះ​ការ​លេង​សើច​នោះ​រំខាន​ដល់​អ្នក​ដទៃ​ដែល​គេ​មិន​ចូល​ចិត្ត​ ហើយ​វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ ដល់​ការងារ​របស់​អ្នក​។​ ព្រោះ​អ្នក​ដទៃ​នោះ​នឹង​យល់​ថា​អ្នក​ធ្វើ​ការ​ងារ​ខ្ជីខ្ជា​ដោយ​សារ​លេង​សើច​ច្រើន។​

៩.​ មក​ធ្វើការ​ទាំង​នៅ​ស្រវឹង​

គួរ​ចេះ​លៃ​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ មិន​ត្រូវ​ឲ្យ​គេ​ចាប់​បាន​ទេ​ ថា​អ្នក​មក​ធ្វើ​ការ​ទាំង​នៅ​ស្រវឹង​ ព្រោះ​វា​ប៉ះ​ពាល់​កេរ្តិ៍ឈ្មោះ​ ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ខ្វះ​ទំនួល​ខុស​ត្រូវ។​

១០.​ ធ្វើ​ឬកពារ​ស្រណុក​ពេក​នៅ​កន្លែង​ធ្វើ​ការ

មនុស្ស​អាច​វាយ​តម្លៃ​អ្នក​តាម​កាយវិការ​ដូច​គ្នា​ ជា​ពិសេស​ក្នុង​កន្លែង​ធ្វើ​ការ​តែ​ម្ដង។​ ជៀសវាង​ក្រាប​លើ​តុ​ ដេក​ ឬ​ដាក់​ដៃ​ដាក់​ជើង​ច្រងេងច្រងាង​ តាម​តែ​ស្រួល​ខ្លួន ​ ព្រោះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​ចូល​ចិត្ត​អ្នក។

https://www.inc.com/kevin-daum/25-things-you-should-never-do-at-work.html

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen