ការបកស្រាយចំកណ្តាលមុខ ដាស់តឿនអ្នកឱ្យឈប់យកខ្លួនទៅប្រៀបអ្នកដទៃ
- 2017-11-21 02:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបកស្រាយចំកណ្តាលមុខ ដាស់តឿនអ្នកឱ្យឈប់យកខ្លួនទៅប្រៀបអ្នកដទៃ
ចន្លោះមិនឃើញ
តើអ្នកធ្លាប់ប្រាថ្នាចង់ឱ្យជីវិតខ្លួនឯងដូចជីវិតនរណាម្នាក់អត់? បើសិនជាធ្លាប់មានន័យថាអ្នកកំពុងមានគំនិតធៀបខ្លួនទៅនឹងអ្នកដទៃហើយ។ ថ្វីត្បិតតែវាជាលក្ខណៈធម្មជាតិដែលមនុស្សគ្រប់គ្នាសុទ្ធតែមានក៏ពិតមែន តែក៏មិនមែនជាការល្អប៉ុន្មានដែរ វាហាក់បីដូចជារស់នៅដោយដាក់សម្ពាធលើខ្លួនឯងអ៊ីចឹង។ ការបកស្រាយទាំង ៤ ចំនុចខាងក្រោមគឺជាអ្វីដែលអ្នកគួរតែពិចារណាប្រសិនបើអ្នកតែងតែមានទម្លាប់បែបនេះ៖
១. ការប្រៀបធៀបគឺជាការយកភ្លើងដុតសុភមង្គលខ្លួនឯង យើងទទួលស្គាល់ថាគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានភាពឡូយឆាយ និងការរស់នៅសុខស្រួល តែកុំភ្លេចថាមនុស្សយើងកើតចេញពីប្រភពខុសគ្នា មានអ្នកមាន មានអ្នកក្រ។ ដូច្នេះកុំចង់ប្រឆាំងនឹងវាសនាអី កុំចង់ខ្ពស់ហួសនិស្ស័យដូចគេពេក តែត្រូវចេះច្នៃអ្វីដែលខ្លួនមានវិញទើបប្រសើរ។ ទោះបីជាជីវិតរបស់អ្នកកំពុងស្ថិតក្នុងការលំបាកក្តី តែអ្នកអាចពុះពារឧបសគ្គលើវិថីជីវិតខ្លួនឯងបាន នោះហើយទើបជាជីវិតដែលមានន័យពិតប្រាកដ។
២. ដើមជីវិតអ្នកនឹងក្រិនប្រសិននៅតែបន្តប្រៀបធៀប អ្នកអាចសម្លឹងខ្ពស់ចំពោះជីវិតជោគជ័យរបស់អ្នកដទៃបាន តែកុំដល់ថ្នាក់យកខ្លួនទៅធៀបឱ្យបានល្អគ្រប់ដប់ដូចគេព្រោះការធ្វើបែបនោះងាយនឹងឱ្យអ្នកឆាប់បាក់ទឹកចិត្តនិងបន្ទច់បង្អាក់ស្មារតីរបស់ខ្លួនឯងទៀតផង។
៣. អ្នកគឺជាខ្លួនអ្នក អ្នករស់នៅដើម្បីជីវិតអ្នក ទោះអ្នកមិនអស្ចារ្យតែអ្នកក៏មានចំនុចខ្លាំងរបស់ខ្លួន ឯគេក៏ដូចគ្នាគេក៏មានចំនុចខ្លាំងរបស់គេដែរ។ ឈប់យកជីវិតខ្លួនឯងទៅប្រៀបនឹងអ្នកដទៃទៀត រៀនរស់នៅជាមួយអ្វីដែលខ្លួនមាន។
៤. ភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងនេះទៀត បើអ្នកប្រាថ្នាជីវិតដូចនរណាម្នាក់បានសម្រេចហើយ តើវាយ៉ាងមេ៉ច? ថ្ងៃណាមួយគង់នឹងមានអ្នកដទៃដែលខ្ពស់ជាងនេះទៀត ប្រសិនបើអ្នកមិនចេះសម្រួមចិត្តឱ្យស្ងប់ខ្លះទេ អ្នកនឹងរស់នៅក្នុងភាពលោភលន់ចង់មានចង់បានឥតស្រាកស្រាន្តរហូត។ តើបានអ្វីមកវិញទេ បើមួយថ្ងៃមួយថ្ងៃគិតតែស្រវារកទុក្ខរកស្មុគដាក់ខ្លួនដូច្នេះ? គួរជ្រៀតពេលវេលាធ្វើឱ្យខ្លួនមានចិត្តស្ងប់ខ្លះ នោះទើបជីវិតមានន័យ៕