៩សញ្ញាបញ្ជាក់ថាអ្នកជិតត្រូវគេដេញចោលពីកន្លែងធ្វើការហើយ
- 2017-10-26 02:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩សញ្ញាបញ្ជាក់ថាអ្នកជិតត្រូវគេដេញចោលពីកន្លែងធ្វើការហើយ
ចន្លោះមិនឃើញ
រឿងអាក្រក់បំផុតនៅក្នុងជីវិតការងាររបស់អ្នកគឺអ្នកត្រូវបានគេបណ្ដេញចេញ។ យ៉ាងណាក៏ដោយប្រសិនបើអ្នកពូកែសង្កេតអ្នកអាចដឹងហេតុការណ៍នេះទាន់ពេល ដើម្បីជាតម្រុយថាតើអ្នកគួរតែធ្វើអ្វីមួយដើម្បីរក្សាការងារមួយនេះ ឫក៏ត្រូវបោះបង់ចោល ដើម្បីរកការងារថ្មី។ ខាងក្រោមនេះជាសញ្ញា៩ចំណុចដែលកើតឡើងលើអ្នក នៅពេលអ្នកជិតត្រូវបានគេបណ្ដេញចេញ៖
១. មេរបស់អ្នកឈប់និយាយរកអ្នក
សញ្ញាដំបូងគេនោះគឺ មេដែលតែងតែ ប្រាប់អ្នកអំពីម៉ោងប្រជុំ ឬក៏សកម្មភាពផ្សេងៗ របស់ក្រុមការងារស្រាប់តែលែងនិយាយស្តីរកអ្នក ហើយពេលអ្នកចង់ជួបកាត់ គាត់តែងតែរវល់ព្រមទាំងគេចវេះមិនចង់ជួប។ វាបញ្ជាក់ថាចំពោះរូបអ្នកផ្ទាល់ និងតំណែងដែលអ្នកកំពុងកាន់ គាត់លែងត្រូវការទៀតហើយ។
២. ក្រុមហ៊ុនអ្នកទិញបាន Software ដែលអាចធ្វើការជំនួសអ្នកបាន
បច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនបានដណ្ដើមការងារមនុស្សកាន់តែច្រើន។ នៅពេលដែលក្រុមហ៊ុនអ្នកចាប់ផ្តើមណែនាំគ្រឿងម៉ាស៊ីន ឬ Software ដែលអាចជំនួសការងារអ្នក អ្នកក៏ត្រូវដឹងដែរថាគេកំពុងកាត់បន្ថយចំណាយ ដូច្នេះប្រាកដជាមានការជម្រុះបុគ្គលិកមួយចំនួនធំ និងរក្សាបុគ្គលិកឆ្នើមមួយចំនួនតូច។ ប្រសិនបើអ្នកគិតថា សមត្ថភាពអ្នកមិនអាចប្រកួតប្រជែងជាមួយគេទេ អ្នកគួរតែស្វែងរកឧកាសថ្មីជាបន្ទាន់។
៣. អ្នកត្រូវបានគេដកចេញពីក្រុម
មេរបស់អ្នក អាចនឹងប្រជុំប្រាប់ថ្នាក់លើ ផ្នែកដែលពាក់ព័ន្ធ ព្រមទាំងបុគ្គលិកក្នុងក្រុមរបស់អ្នកអំពីរឿងរបស់អ្នក ដូច្នេះប្រសិនជាអ្នកសង្កេតឃើញថាមិត្តរួមការងារលែងសូវនិយាយទាក់ទងអ្នក ឬនៅពេលគេប្រជុំគម្រោងថ្មី ពួកគេលែងប្រាប់អ្នកឲ្យចូលរួម នោះជាសញ្ញាយ៉ាងច្បាស់ក្រឡែត ថាការងារអ្នកនឹងត្រូវបាត់បង់ក្នុងពេកឆាប់ៗ។
៤. ក្រុមហ៊ុនព្យាយាមតាមចាប់កំហុសរបស់អ្នក
ដើម្បីឲ្យត្រូវជាមួយច្បាប់ការងារ ផ្នែកធនធានមនុស្សអាចនឹងឲ្យមេរបស់អ្នកប្រមូល និងកត់ត្រារាល់កំហុសឆ្គងក្នុងការងាររបស់អ្នក ដើម្បីបង្កើតជាភស្តុតាងក្នុងការបណ្តេញចេញដ៏ត្រឹមត្រូវ ក្រោមហេតុផលលទ្ធផលការងារអ្នកមិនល្អ។
៥. អ្នកលែងសូវមានការងារធ្វើ
មេរបស់អ្នកលែងទម្លាក់ការងារថ្មីឲ្យអ្នកធ្វើ ព្រោះគេមិនចង់ឲ្យអ្នកថ្មីត្រូវមកទទួលការងារពាក់កណ្តាលពីអ្នក។ លើសពីនេះទៀតសូម្បីតែការងារដែលអ្នកកំពុងធ្វើក៏គេបិតផ្លូវមិនឲ្យអ្នកធ្វើឲ្យបានល្អដែរ ព្រោះគេទុកធ្វើជាលេសដើម្បីបញ្ឈប់អ្នកពីការងារនេះ។
៦. ការធ្វើការរបស់អ្នកត្រូវបានគេរិះគន់មិនឈប់
លទ្ធផលវាយតម្លៃការងារប្រចាំឆ្នាំរបស់អ្នកធ្លាក់ចុះ។ មេរបស់អ្នកនិយាយថា លទ្ធផលដែលអ្នកសម្រេចបានក្រោមអ្វីដែលគាត់រំពឹងទុក។ អ្នកគ្រប់គ្រងខ្លះអាចនិយាយត្រង់ៗជាមួយអ្នក តែអ្នកខ្លះទៀតព្យាយាមរិះគន់ដើម្បីឲ្យអ្នកដឹងខ្លួន។
៧. អ្នកត្រូវបានគេប្ដូរមុខតំណែងពីមួយទៅមួយមិនឈប់
វាប្រហែលជាឧកាសចុងក្រោយដែលមេរបស់អ្នកចង់រក្សាអ្នក ព្រោះប្រហែលគាត់មើលឃើញចំណុចល្អណាមួយរបស់អ្នក។ ប៉ុន្តែប្រសិនអ្នកប្តូរច្រើនតំណែងហើយ គាត់នៅតែមិនពេញចិត្តទៀត មានន័យថាចំណុចល្អដែលគាត់ចង់រក្សាទុកនោះ មិនអាចផ្ដល់ជាប្រយោជន៍ច្រើនដល់ក្រុមហ៊ុនទេ ដូច្នេះអ្នកគួរត្រៀមខ្លួនចាកចេញឲ្យហើយទៅ។
៨. អ្នកមិនត្រូវគ្នាជាមួយមេរបស់អ្នក
មេរបស់អ្នកបដិសេធគំនិតរបស់អ្នក ដោយមិនឲ្យអ្នកបកស្រាយអ្វីទាំងអស់។ ជាពិសេស ប្រសិនបើមេរបស់អ្នកទើបត្រូវបានជ្រើសតាំងថ្មី គាត់អាចគិតថាអ្នកក្រោមបង្គាប់ចាស់ៗ អាចជាឧបសគ្គ ឬការគំរាមកំហែងដល់តំណែងរបស់គាត់។
៩. អ្នកលែងទទួលបានប្រាក់លើកទឹកចិត្ត ឬបាត់បង់អត្ថប្រយោជន៍ដែលធ្លាប់ទទួលបាន
វាអាចជាគោលការណ៍កាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ដូច្នេះបុគ្គលិកដែលធ្វើការមិនសូវល្អនឹងមិនទទួលបានប្រាក់រង្វាន់ផ្សេងៗ ព្រមទាំងប្រឈមជាមួយការបញ្ឈប់។ ប៉ុន្តែប្រសិនរឿងនេះកើតឡើងចំពោះតែអ្នកម្នាក់ឯង ច្បាស់ណាស់ថ្នាក់លើរបស់អ្នកកំពុងតែឲ្យសញ្ញាអ្នកជាមុនហើយ។
យ៉ាងណាមិញអ្នកគួរតែព្យាយាមសួរ ឬពិភាក្សាជាមួយថ្នាក់លើរបស់អ្នកផ្ទាល់អំពីបញ្ហាដែលអ្នកនឹងត្រូវបញ្ឈប់ ពេលខ្លះវាអាចស្រោចស្រង់អ្នកបានមួយគ្រា តែបើមិនបានទេអ្នកអាចចាត់ទុកវាជាឧកាសថ្មីសម្រាប់ការរីកចម្រើនថ្មី។ រៀបចំប្រវត្តិរូបសង្ខេប និងដាក់ពាក្យទៅកន្លែងផ្សេង ឧកាសល្អៗនៅតែមានឲ្យតែអ្នកព្យាយាមឲ្យអស់ពីសមត្ថភាព ៕
ចុចអាន៖
ជីវិតរុងរឿង មិនធ្លាក់រណ្ដៅ ត្រូវរៀនស្គាល់មនុស្សពីរប្រភេទនេះ!
៥ចំណុចត្រូវធ្វើបើមានអ្នករិះគន់ ឬចង់បំបាក់មុខអ្នក នៅកន្លែងធ្វើការ