ឲ្យកូនបៅដោះម្ដាយផង និង បៅទឹកដោះគោផង តើជារឿងត្រឹមត្រូវដែរទេ?
- 2017-05-04 03:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យកូនបៅដោះម្ដាយផង និង បៅទឹកដោះគោផង តើជារឿងត្រឹមត្រូវដែរទេ?
ចន្លោះមិនឃើញ
មានម្ដាយមួយចំនួនយល់ថាការបន្ថែមទឹកដោះគោឲ្យទារកពីលើទឹកដោះម្ដាយគឺជារឿងល្អដើម្បីជំរុញសុខភាពកូន ប៉ុន្តែ តើនេះជារឿងត្រឹមត្រូវដែរទេ?
ឆ្លើយទៅនឹងសំនួរនេះ លោកហ៊ូ ក្រើន ជាវាគ្មិនម្នាក់ក្នុងកម្មវិធីវេទិកាពិភាក្សាស្ដីពី «ការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារ» ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ៣ ឧសភា បានឲ្យដឹងថាបើតាមគោលនយោបាយថ្នាក់ជាតិគឺលើកទឹកចិត្តឲ្យម្ដាយបំបៅកូនដោយទឹកដោះតែមួយមុខប៉ុណ្ណោះ មិនចាំបាច់ត្រូវប្រើទឹកដោះគោទេ។
នាយករងអង្គការហេឡែន ខេលល័រអន្តរជាតិ (Helen Keller International) រូបនេះបានបញ្ជាក់ថា គោលនយោបាយថ្នាក់ជាតិមានបីចំណុចសំខាន់សម្រាប់ម្ដាយគ្រប់រូប។ ទី ១ ជំរុញឲ្យម្ដាយបំបៅកូនក្នុងម៉ោងដំបូងក្រោយសម្រាលភ្លាម។ ទី ២ ត្រូវបន្តបំបៅទឹកដោះតែមួយមុខគត់ដល់រយៈពេល៦ខែ។ ទី ៣ ត្រូវបន្តបំបៅរហូតដល់អាយុ២ឆ្នាំ ឬលើសពីនេះ។ ម្ដាយមិនចាំបាច់បន្ថែមទឹកដោះគោនោះទេព្រោះវាអាចជាបន្ទុកចំណាយច្រើន ហើយអ្វីដែលសំខាន់គឺអាចប៉ះពាល់សុខភាពក្មេងបើទឹកដោះគោមិនមានអនាម័យគ្រប់គ្រាន់។
លោក ហ៊ូ ក្រើន ក៏បានអះអាងបន្ថែមដែរថា សម្រាប់រយៈពេលបំបៅកូន ជាពិសេសក្រោម៦ខែ ទឹកដោះម្ដាយគឺប្រៀបដូចជាឱសថទិព្វអញ្ចឹង។ ម្ដាយមិនចាំបាច់ត្រូវការអ្វីទៀតទេ ហើយបើទោះបីម្ដាយមានបញ្ហាសុខភាពខ្លះក៏គុណភាពទឹកដោះមិនចុះថយដែរ៕